ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងអាស៊ីអាគ្នេយ៍

03/27/2024

តាមរយៈការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa លើប្រធានបទស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញថា អ្នកប្រើប្រាស់កម្ពុជា បន្តចូលចិត្តការទូទាត់ជាសាច់ប្រាក់សុទ្ធ ហើយការទទួលយកការទូទាត់តាមរយៈឌីជីថលក៏មានការថមថយ។

 

ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក បានចេញផ្សាយការសិក្សារ1 អំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញថាប្រជាជនកម្ពុជាចូលចិត្តប្រើប្រាស់សាច់ប្រាក់សុទ្ធដើម្បីធ្វើការទូទាត់ ទោះបីជាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ មានសន្ទុះទទួលយកការទូទាត់តាមរយៈឌីជីថលកាន់តែខ្លាំងក៏ដោយ។

នៅពេលដែលភាពភ័យខ្លាចនៃការឆ្លងមេរោគ កូវីដ មានការថមថយ ការប្រើប្រាស់សាច់ប្រាក់សុទ្ធ ក៏មានការកើនឡើង នេះបើតាមចម្លើយរបស់អ្នកចូលរួមស្ទង់មតិ ស្ទើរតែទាំងអស់ (ប្រមាណ ៩៧ភាគរយ) បាននិយាយថា ពួកគេប្រើប្រាស់សាច់ប្រាក់សុទ្ធសម្រាប់ការទូទាត់ ដែលវាបានបង្ហាញពីកំណើន បើធៀបនឹងឆ្នាំ២០២២ ​មានចំនួន  ៨៦ភាគរយ ធៀបនឹង ២០២១ មានត្រឹមតែ ​៦៤ភាគរយ ប៉ុណ្ណោះ។ ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណជាជាង ៧៩ភាគរយ ដែលបានចូលរួមស្ទង់មតិ បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធនៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ ដែលនេះជាមធ្យមភាគខ្ពស់ជាងតំបន់អាស៊ីអាគ្នេយ៍ ប្រមាណជា ២៦ភាគរយ។ តាមរយៈការស្ទង់មតិនៅក្នុងឆ្នាំ ២០២៣ បានបង្ហាញថា ចំនួនប្រជាជនកម្ពុជាតិចជាងមុន (ប្រមាណ​ ២៣ភាគរយ)  ដែលមានទំនោរទៅរកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ មានការធ្លាក់ចុះ បើប្រៀបធៀបទៅឆ្នាំ ២០២២ ដែលមាន​ប្រមាណ ​៣២ភាគរយ​ នឹងទាបជាងមធ្យមភាគនៃតំបន់ ប្រមាណជា ៧២ភាគរយ។

ការបន្តនិន្នាការស្រដៀងគ្នានេះដែរ ត្រូវបានសង្កេតចាប់តាំងពីការសិក្សាកាលពីឆ្នាំមុន ប្រមាណជា ៩៥ភាគរយ នៃក្រុមគោលដៅជំនាន់ Z បានបង្ហាញពីចំណូលចិត្តសម្រាប់ការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទោះបីជាមានកម្រិតតិចជាង ធៀបទៅនឹងក្រុមគោលដៅជំនាន់ X និងជំនាន់ Y (ដែលមានប្រមាណជា ៩៨ភាគរយ​ សម្រាប់ក្រុមនិមួយៗ)។ ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជននេះ វាអាស្រ័យដោយការយល់ខុស ដែលពួកគេបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធ ជាជម្រើសមានសុវត្ថិភាពដូចទម្រង់ទូទាត់ប្រាក់តាមរយៈឌីជីថលដូច្នោះដែរ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងអំឡុងពេលដែលប្រទេសកំពុងធ្វើការវិវឌ្ឍផ្លាស់ប្តូរទៅរកឌីជីថល វា​ជា​រឿង​ធម្មតាដែលត្រូវ​ពើប​ប្រទះពីស្ថានភាព​​ខុស​គ្នា​ទាំងនេះ”។ អ្នកស្រីបន្តទៀតថា៖ “កិច្ចសហការគឺមានសារៈសំខាន់ណាស់ ហើយយើងរំពឹងយ៉ាងមុតមាំក្នុងកិច្ចសហការជាមួយដៃគូរបស់យើង ទាំងសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការទូទាត់តាមរយៈឌីជីថល។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកជួយដល់ការជម្រុញ នឹងធានាឲ្យប្រទេសកម្ពុជាដើរទន្ទឹមនិន្នាកានៃប្រទេសជិតខាងក្នុងតំបន់របស់យើង”។

លោកស្រី Tranchini បានបន្ថែមថា៖ "អន្តរប្រតិបត្តិការ គឺមានសារៈសំខាន់ក្នុងការជំរុញឱ្យមានការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថលដោយរលូន។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយធានាបាននូវការធ្វើបរិយាបន្ននៅក្នុងដំណើរការនៃការទទួលយកការទូទាត់តាមរយៈឌីជីថល ដែលជួយវាសម្រួលដល់ការប្រមូលផ្តុំ ទាំងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ឲ្យមកធ្វើដំណើររួមគ្នាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះតែម្តង”។

ហិរញ្ញប្បទានបង្កប់ (​Embedded finance) គឺជាការរួមបញ្ចូលគ្នានូវសេវាកម្មហិរញ្ញវត្ថុ ឬផលិតផលមួយទៅក្នុងសេវាកម្ម ឬផលិតផលដែលមិនមែនជាហិរញ្ញវត្ថុ ដែលវាគឺជាផ្នែកមួយសម្រាប់ការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ ប្រមាណ​ ៣ភាគរយ បាននិយាយថា ពួកគេបានប្រើប្រាស់ហិរញ្ញវត្ថុបង្កប់សម្រាប់ការទូទាត់ បើប្រៀបធៀបទៅនឹងមធ្យមភាគក្នុងតំបន់ដែលមានការប្រើប្រាស់រហូតដល់ទៅ ៤៩ភាគរយ។ តាមរយៈការសិក្សាស្រាវជ្រាវដដែល បានបង្ហាញផងដែរថា មាន​ប្រជាជន​កម្ពុជា​តែ ២ភាគរយ ប៉ុណ្ណោះ ដែលប្រើប្រាស់​ករណី​ហិរញ្ញប្បទានបង្កប់នេះ ​សម្រាប់​ការ​ផ្តល់​កម្ចី បើ​ធៀប​នឹង​មធ្យមភាគ​ក្នុង​តំបន់​ មានប្រមាណជា ៤៥ភាគរយ។ ទន្ទឹមនឹងនេះដែរ មានត្រឹមតែ ២ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិនេះប៉ុណ្ណោះ ដែលបានលើកឡើងថា ពួកគេបានប្រើប្រាស់ហិរញ្ញប្បទានបង្កប់ សម្រាប់ការធានារ៉ាប់រង បើធៀបនឹងមធ្យមភាគប្រចាំតំបន់ដែលមានរហូតដល់ទៅ ៣៧ភាគរយ។

ថ្វីត្បិតតែប្រទេសកម្ពុជាមានជម្រើសនៃមធ្យោបាយទូទាត់តាមរយៈឌីជីថលច្រើនក៏ដោយ អ្នកប្រើប្រាស់បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ទិន្នន័យមួយចំនួនបង្ហាញថា ការទូទាត់តាមរយៈឌីជីថលនៅតែបន្តកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ តួយ៉ាងដូចជាតួលេខនៅក្នុងទិន្នន័យរបស់ VisaNet  វាបានបង្ហាញពីកំណើននៃការចេញ Visa កាត នៅ​ក្នុងប្រទេសកម្ពុជា សម្រាប់ប្រើក្នុងការទូទាត់គ្រប់ទម្រង់ មិនថាក្នុងស្រុក​ ឬប្រើប្រាស់ការទូទាត់ឆ្លងដែន មានការកើនឡើងប្រមាណ ២២ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយចំនួនប្រតិបត្តិការប្រចាំខែនៃការប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា Contactless ក្នុងស្រុកតាមរយៈ Visa កាត ក៏មានការកើនឡើង ប្រមាណជា ១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ នេះបើតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

អ្នកស្រី Tranchini បានមានប្រសាសន៍បន្ថែមទៀតថា៖ "យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយផ្តល់ការណែនាំអំពីការទទួលយកការទូទាត់តាមរយៈប្រើប្រាស់បច្ចេកវិទ្យា នឹងពង្រឹងភាពជាដៃគូជាមួយពាណិជ្ជករ ព្រមទាំងធ្វើការគាំទ្រថ្នាលនៃការធ្វើឌីជីថលនីយកម្មរបស់រដ្ឋាភិបាលជាដើម"។ អ្នកស្រីបន្តទៀតថា៖ “ភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល នឹងការផ្តល់ថ្នាលជូនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs)  ឲ្យមានលទ្ធភាពចូលទៅកាន់ទីផ្សារសំខាន់ៗ នឹងអនុញ្ញាតឲ្យពួកគេអាចរកបាននូវអតិថិជនថ្មីៗបានកាន់តែច្រើនឡើង ព្រមទាំងពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។"

ដើម្បីជាការគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់ប្រាក់នៅកម្ពុជា ក្រុមហ៊ុន Visa បានដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់ជាតិ ជាសេវាទូទាត់រហ័ស ផ្ទេរប្រាក់និងទូទាត់សងជាប្រាក់រៀល (NNSS KHR) នៅក្នុងឆ្នាំ ២០២១។ តាមរយៈការគាំទ្រនេះ ក្រុមហ៊ុន Visa បានដាក់បញ្ចូលការទូទាត់ជាប្រាក់រៀល ទៅក្នុងបណ្តាញ VisaNet ដែលជាបណ្តាញដំណើរការទូទាត់ប្រាក់របស់ Visa ផ្ទាល់តែម្តង។ NNSS KHR គឺជាដំណោះស្រាយការទូទាត់ក្នុងស្រុកប្រកបដោយសុវត្ថិភាព និងអាចធ្វើមាត្រដ្ឋានបាន ដោយប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីធ្វើការទូទាត់រូបរូបិយបណ្ណក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អតិថិជន នឹងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស។

 

 

1 ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR M&C Saatchi ប្រព្រឹត្តទៅចាប់ពីខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់ នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង កម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់ ជាមួយអ្នកប្រើប្រាស់កម្ពុជា ចំនួន ៥០០នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំង អាយុរ និង ភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទំាងមូល។

 

អំពីក្រុមហ៊ុន Visa

Visa  (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕